ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ» (បណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២៥,៧៩០ បណ្ណ ដែលគ្របដណ្តប់លើភូមិចំនួន ២១ ក្នុងស្រុកចំនួនពីរ នៃខេត្តកំពង់ឆ្នាំង។
ពិធីចែកបណ្ណកម្មសិទ្ធិនេះ ត្រូវបានធ្វើឡើងជូនប្រជាពលរដ្ឋរស់នៅក្នុង៖ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ចំនួន ៧ ភូមិ និង ឃុំឈូកស ស្រុកកំពង់ត្រឡាច ចំនួន ១៤ ភូមិ ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា «នៅក្នុងអាណត្តិនេះ ក្រសួងនឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាឱ្យបានរួចរាល់ជាស្ថាពរ»។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធានាថា ដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់ នឹងក្លាយជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ ស្ថិតនៅជាមួយគ្រួសារបងប្អូនតកូនតចៅពីជំនាន់មួយទៅជំនាន់មួយ ប្រកបដោយសុវត្ថិភាពផ្លូវច្បាប់ និងបង្កភាពងាយស្រួលក្នុងការទិញ លក់ ឬប្រើប្រាស់ជា «ទ្រព្យសកម្ម» ដើម្បីបង្កើតប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែធូរធារ និងសុខសាន្ត។
បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ និងតម្រង់ទិសដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ឱ្យយកចិត្តទុកដាក់លើការរៀបចំដែនដី និងការរៀបចំក្រុងឱ្យបានច្បាស់លាស់ និងមានផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ឯកឧត្តមបានលើកជាឧទាហរណ៍ជាក់ស្តែង អំពីការបែងចែកតំបន់ប្រើប្រាស់ដីធ្លី៖ តំបន់១៖ រក្សាទុកជាព្រៃលិចទឹកដើម្បីការពារប្រព័ន្ធអេកូឡូស៊ី តំបន់២៖ ទុកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចម្ការ ឬតំបន់ទឹកមិនជ្រៅអាចអភិវឌ្ឍជាសហគ្រាស រោងចក្រ កន្លែងចិញ្ចឹមសត្វ និងកសិដ្ឋានចិញ្ចឹមត្រី។ល។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាមិនអាចពឹងផ្អែកទាំងស្រុង ១០០% លើផលនេសាទត្រីធម្មជាតិពីបឹងទន្លេសាបទៀតនោះទេ។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលដីធ្លីខ្ពស់បំផុតសម្រាប់វិស័យកសិកម្ម ការចិញ្ចឹមត្រី និងការចិញ្ចឹមសត្វ (គោ ក្របី)។ ដូច្នេះ ការរៀបចំដីធ្លីឱ្យទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតមុខរបរ បង្កើនប្រភពចំណូល និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានស្ថេរភាព និងចីរភាព៕













No comments:
Post a Comment