កំពង់ឆ្នាំង÷ ក្រុមជនល្មើសឆ្លៀតឱកាសដែលកំពុងតែបំផ្លាញធនធានធម្មជាតិយ៉ាងព្រហើន ត្រូវបានបង្ក្រាបទាំងកណ្តាលអាធ្រាត បន្ទាប់ពីកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា ឃាត់ខ្លួនអ្នកបើកបរម្នាក់ ដកហូតត្រាក់ទ័រចំនួន៣ គ្រឿង និងបក្សពួកប៉ុន្មាននាក់ទៀតត្រូវបានរត់គេចខ្លួនរួច ខណៈកំពុងលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរឆ្លុះកណ្តុរនាពេលយប់ បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ យប់រំលងអាធ្រាត ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ពួកគាត់បានប្រទះ ឃើញត្រាក់ទ័រចំនួន ៣ គ្រឿង កំពុងតែលួចធ្វើសកម្មភាពឈូសឆាយយ៉ាងអនាធិបតេយ្យលើដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់របស់រដ្ឋ នៅត្រង់ចំណុចទួលកប់ចែស ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ភ្លាមៗនោះ ប្រជាពលរដ្ឋល្អបានរាយការណ៍ជាបន្ទាន់ទៅកាន់កម្លាំងសមត្ថកិច្ច បន្ទាប់ពីទទួលបានសញ្ញាភ្លើងខៀវពីប្រជា ពលរដ្ឋ កម្លាំងអធិការដ្ឋានស្រុកជលគិរី បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុទាំងកណ្តាលយប់ ដោយបានឃាត់ចាប់ទុកត្រាក់ទ័រទាំង ៣ គ្រឿង និងឃាត់ខ្លួនអ្នកបើកបរម្នាក់ នាំយកមកកសាងសំណុំរឿងនៅអធិការដ្ឋាននគបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។
កន្លងមកថ្មីៗនេះលោកអភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឲ្យឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានលើកឡើងលើបញ្ហាចំពោះជនណាដែលបានប្រព្រឹត្តសកម្មភាពឈូសឆាយលើដីតំបន់ព្រៃលិចទឹកដែលជាតំបន់ហាមឃាត់ គឺមិនអាចលើកលែងបានឡើយពីសំណាញ់ច្បាប់ តែអ្នកប្រព្រឹត្តហាក់បីដូចជាមិនខ្លាចញញើតនិងច្បាប់ និងការហាមប្រាមរបស់ថ្នាក់ដឹកនាំនោះឡើយ។
គួររំលឹកផងដែរថា ទីតាំងដីព្រៃលិចទឹកនៅចំណុចកប់ចែសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់ត្រូវបានក្រុមជនខិលខូច លួចបញ្ជាត្រាក់ទ័រមកឈូសឆាយអស់ជាច្រើនហិកតារួចមកហើយ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជម្រកមច្ឆជាតិ។
យ៉ាងណាមិញមហាជនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការក្តៅគគុករបស់សមត្ថកិច្ច និងបានលើកឡើងថា ក្រុមជនឈ្លៀតឱកាស និងមេខ្លោងនៅពីក្រោយខ្នង ដែលហ៊ានបំពានច្បាប់ បំផ្លាញសម្បត្តិរួមរបស់ជាតិបែបនេះ ត្រូវតែទទួលទណ្ឌកម្មព្រហ្មទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជាការ ព្រមាន ដូចពាក្យចាស់ពោលថា «កុកភ្លេចជុង តែជុងមិនភ្លេចកុកឡើយ» ឱ្យតែហ៊ានប្រព្រឹត្តបទល្មើស គឺមុខជាមិនរួចខ្លួនពីសំណាញ់ច្បាប់នោះទេ៕







No comments:
Post a Comment