ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នៅតែបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជាជាង១ម៉ឺន៥ពាន់គ្រួសារទៀត មិនទាន់អាចវិល ត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងនោះមានប្រជាជនភៀសសឹកជាង ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅបន្តស្នាក់ នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ហើយបន្ថែមនូវការលំបាកទ្វេដង ដោយសារទឹកភ្លៀងកាលពីពេលថ្មីៗនេះទៀត។ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាកខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ ចែកជូនផ្ទាល់ដៃដល់ប្រជាជនភៀសសឹកចំនួន៣.០០០គ្រួសារ ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្ស ធម៌នេះ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អញ្ជើញចូលរួមផងដែរ។
កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន៣ គឺ៖ ទី តាំងទី១ នៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាម សម្រាប់ប្រជាជនចំនួន ៩៣១គ្រួសារ និងទីតាំងទី២ នៅវត្តពោធិ៍សូរិយារាម សម្រាប់ប្រជាជន ៣៣៧គ្រួសារ ដែលភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ដោយឡែក ទីតាំងទី៣ នៅសាលាបឋមសិក្សាតាយឹងព្រៃវែង សម្រាប់ប្រជាជន ១.៧៣២គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តោល និងភូមិពព្លាក់ មកពីភូមិចំនួន៦ នៃស្រុកថ្មពួក។
ប្រជាជនភៀសសឹកទាំងអស់មានក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរយកចិត្តទុកដាក់គ្រប់វិនាទីពីសំណាក់ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជួយសម្រាលការលំ បាកនាពេលនេះ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឆៃប៉ូវ ១កំប៉ុង (ស្មើនឹង ១គីឡូក្រាម), ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០.០០០រៀល។ដោយឡែក កាកកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម ផងដែរ៕










No comments:
Post a Comment