www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, February 16, 2026

ប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន ៨,៨៥០កញ្ចប់ ដល់សហគមន៍ឥស្លាមកម្ពុជា



ភ្នំពេញ÷ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល អំណោយនិមិត្តរូបកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៨,៨៥០កញ្ចប់ ដែលជាអំណោយ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្ស ធម៌ (KSRelief) តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សម្រាប់ចែកជូនដល់សហគមន៍ឥស្លាមកម្ពុជា នៅទូទាំងប្រទេស ក្នុងឱកាសចូលមកដល់នៃខែរ៉ាម៉ាឌននៅប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីនេះក៏មានវត្តមាន លោក អាប់ឌុលរ៉សម៉ាន ស៊ូចាក អាល់ម៉ាទីរី មន្ត្រីទទួលបន្ទុកនាយកដ្ឋានកិច្ច មនុស្សធម៌ និងសង្គ្រោះបន្ទាន់ នៃមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន និងលោក អាប់ឌុលឡោះ អាប់ឌុលអាហ្សីស អាល់ហ៊ូហ្សាន ភារធារី នៃស្ថានទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក អាប់ឌុលរ៉សម៉ាន ស៊ូចាក អាល់ម៉ាទីរី បានបង្ហាញសេក្តីសប្បាយរីករាយជាខ្លាំងដែលបាន ចូលរួមពិធីប្រគល់ទទួលអំណោយស្រាយបួសខែរ៉ាម៉ាឌនលើកទី៥ នៅកម្ពុជា ឆ្នាំ២០២៦នាពេលនេះ ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណជាង ៣៥០០០គ្រួសារ ហើយជំនួយនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង នៃរាជរដ្ឋា ភិបាលអារ៉ាប៊ីសាអូឌីត ក្នុងការជួយដល់បណ្តាប្រទេស និងពលរដ្ឋដែលទទួលរងគ្រោះផ្សេងៗ នៅលើពិភពលោក។

ក្នុងឱកាសនេះដែរ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើនដល់បណ្តាប្រទេសជាច្រើននៅទូទាំងសាកលលោក ក្នុងនោះក៏មានសហគមន៍ឥស្លាមកម្ពុជា ផងដែរ ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារឥស្លាម សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ដែលបានបើកទូលាយ សម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បច្ចុប្បន្ន។

ឯកឧត្តម ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត បន្តផ្តល់ជំនួយអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនបន្ថែមទៀតដល់កម្ពុជា សម្រាប់ឆ្នាំក្រោយៗ ព្រមទាំងជំនួយផ្សេងទៀតផងដែរ ខណៈឆ្នាំ២០២៥ មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌ ក៏បានផ្តល់ជំនួយគម្ពីរអាល់គួរអានចំនួន ៥០០០០ ក្បាល និងផ្លែល្មើចំនួន ២៥តោនដល់កម្ពុជា និងបន្តផ្តល់ជូនជាបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថា អំណោយខាងលើសរុប មានអង្ករ ២២១,២៥០គីឡូក្រាម, ឥណ្ឌូមី ៣៥៤,០០០កញ្ចប់,ស្ករស ១៧,៧០០គីឡូក្រាម,ត្រីខ ៨៨,៥០០កំប៉ុង,អំបិល ៨,៨៥០គីឡូក្រាម,ប្រេងឆា ១៧,៧០០ដប,ទឹកស៉ីអ៊ីវ ២៦,៥៥០ដប និងទឹកត្រី ២៦,៥៥០ ដប៕














No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages