កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ កែ ច័ន្ទុមុនី អ្នកតំណាងរាស្រ្តុមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលស្រុក និងលោក លោកស្រីក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ អស់ទាំងស្រុង ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ លោកជំទាវ កែ ច័ន្ទមុន្នី បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ដូច្នេះហើយលោកជំទាវព្រមទាំងក្រុមការងារអមដំណើរ ជាក់ស្តែង បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។
ចំពោះអំណោយជាគ្រឿងឧបភោគ បរិភោគ នាំមកឧបត្ថម្ភបងប្អូននាឱកាសនេះ គឺមិនមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែមើលនៅទុក្ខកង្វល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវអ្នកតំណាងរាស្រ្ត ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ភ្លើងទាន ធូប ដែលអាចបង្កជាអគ្គីភ័យផ្សេងៗ ធ្វើឱ្យយើងបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ខ្លួន។
លោកជំទាវក៍បានលើកទឹកចិត្ត ដល់គ្រួសាររងគ្រោះដែលត្រូវបានភ្លើងឆេះផ្ទះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត គ្រួសារយើងបន្តទៀត។
គួរបញ្ជាក់ផងដែរថា ករណីភ្លើងឆេះផ្ទះបានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលម្ចាស់មានឈ្មោះ ទេព ច័ន្ទមុន្នី ភេទស្រី ជាគ្រូបង្រៀនមុខវិជ្ជា ភាសា ខ្មែរ នៅវិទ្យាល័យព្រះបាទសុរាម្រឹត និង ជាស្ត្រីមេម៉ាយហើយ មានកូន០២នាក់ ។
ក្នុងឱកាសនោះដែរលោកជំទាវបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន២០មុឺនរៀល ព្រមទាំងថវិកា របស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្ត ចំនួន ៥០មុឺនរៀល ឯកឧត្តម នាយឧត្តសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស ចំនួន ១លានរៀល ឯកឧត្តម អ៊ុក ពញា រដ្ធលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៥០មុឺនរៀល រួមនឹងថវិការបស់លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរចំនួន២០មុឺនរៀលទៀតផងដែរ៕










No comments:
Post a Comment