www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 15, 2026

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ»


ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៦ កញ្ញា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ។

មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។ ក្រោយស្ថានភាពកូវីដ-១៩ បានបញ្ចប់, មន្ទីរពេទ្យត្រូវបានអភិវឌ្ឍឱ្យក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដោយជួសជុលកែលម្អអគារ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជា ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យផ្សេងៗ។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះជំងឺក្រៅជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកពេទ្យជាង២ម៉ឺននាក់ ព្រមទាំងបានរកឃើញអ្នកជំងឺមហារីកថ្មី ៣,៤២០ នាក់។ លើសពីនេះ បានចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជាង៥ពាន់ដូស និងផ្តល់ការពិនិត្យរកមហារីកមាត់ស្បូនដោយឥតគិតថ្លៃជាង ១០ម៉ឺនករណី។

មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការពិនិត្យធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងធនធានមនុស្សជំនាញ។

ការអភិវឌ្ឍនេះស្របនឹងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងគុណភាព និងសមត្ថភាពប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕


















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages