កំពង់ឆ្នាំង៖ មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានប្រា រព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង,និងថ្នាក់ ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង- ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមជាច្រើនរូបទៀតផងដែរ។
ការធ្វើពិធីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងការសាងសង់មណ្ឌលអប់រំផ្លូវចិត្តតាមវិបស្សនាញាណ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនា និងការអប់រំផ្លូវចិត្ត ដល់ប្រជាពលរដ្ឋគ្រប់រូប ការធ្វើវិបស្សនា ញាណ គឺជាវិធីសាស្ត្របច្ចេកទេសបង្វឹកចិត្តនិងអារម្មណ៍ដើម្បីស្វែងយល់ពីសភាពជាក់ស្ដែងនៃជីវិតតាមរយៈការសង្កេតមើលប្រកបដោយសមាធិនិងការយល់ឃើញដែលបង្កើនការ យល់ដឹងនិងការសម្រាកផ្លូវចិត្តរបស់មនុស្ស ការអនុវត្តតាមវិធីនេះមានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្តទាំងព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យមានសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងការងារផងដែរ។
ពិធីនេះដែរ ត្រូវបានរៀបចំឡើងទៅតាមទំនៀមទម្លាប់ប្រពៃ ណី ព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ ក្នុងការសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី និងអ្នកតាដែលចាំថែរក្សា ក្នុងភូមិឋាននៅទីនោះ ដើម្បីដំណើរការសាង សង់ ប្រកបដោយសុខសុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប និងសម្រេចបានជោគជ័យ នូវរាល់ការងារសាងសង់ មណ្ឌលអប់រំផ្លូវចិត្តតាមវិប្បសនាញាណ ដែលនឹងក្លាយជាទីកន្លែងសម្រាប់ការអប់រំផ្លូវចិត្ត ការអនុវត្តសមាធិនិង ការអភិវឌ្ឍគុណធម៌ សីលធម៌ និងប្រាជ្ញា សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ព្រមទាំងរួមចំណែកលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងការរស់នៅប្រកបដោយសន្តិភាពនិងសុខដុមរមនា។
នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី និងប្រតិភូថ្នាក់ដឹក នាំ បានអញ្ជើញនាំយកដើមពោធិ៍ ដែលបាននាំមកពីប្រទេសសិរីលង្កាទៅដាំ ដើម្បីជាការគោរពរំលឹកដល់ព្រះភក្ត្ររបស់ព្រះពុទ្ធ និងតំណាងឱ្យសេចក្តីសុខ សន្តិភាព និងភាពចម្រុង ចម្រើនក្នុងជីវិត។
មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណ ដែលបានបើកពិធីបញ្ចុះបឋមសិលាសាងសង់ខាងលើនេះ ជាទីតាំងមួយដែលស្ថិតនៅចំងាយពីទីរួមខេត្តកំពង់ឆ្នាំង ប្រមាណជាង ៥០ គីឡូម៉ែត្រ និងមានចំងាយប្រមាណជាង ៧០ គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ហើយមណ្ឌលនេះគ្រោងសាងសង់លើផ្ទៃដីទំហំដីប្រមាណជិត១០ហិកតា ចំពោះការសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនេះដែរ នឹងសម្រេចបានទៅតាមផែនការដើម្បីឲ្យក្លាយជាឧត្តមប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕


















No comments:
Post a Comment