នៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំសំណេះសំណាល និងផ្សព្វផ្សាយស្តីពីច្បាប់ជលផល ជាមួយថ្នាក់ដឹកខណ្ឌរដ្ឋបាលជលផលដាច់ដោយឡែកពីគ្នាចំនួន ៣ខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមដោយលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល លោក អ៊ុល អែម នាយអធិការរដ្ឋបាលជលផលទន្លេមេគង្គ ឈឹម វុទ្ធី នាយអធិការរងរដ្ឋបាលជលផល និងលោកប្រធាន មន្ទីរកសិកម្មទាំង៣ខេត្ត។
នៅក្នុងពិធីនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជល ផលគ្រប់ទម្រង់ទៅតាមភូមិសាស្រ្តនៃខេត្តនីមួយៗ ដ៏មានវិសាលភាពដ៏ធំទូលាយ និងមានស្ថានភាពស្មុគស្មាញមួយ ចំនួនដែរ។
ក្នុងនោះខេត្តស្ទឹងត្រែងបានឈានចូលដល់រដូវបិទនេសាទហើយ ហេតុនេះភារកិច្ចចម្បង គឺធ្វើយ៉ាងណាការពារតំបន់ត្រីមេពូជពងកូននៃទន្លេទាំងបួនដែលអ្នកស្រាវជ្រាវបានវាយតម្លៃថា មានត្រីមេពូជប្រមាណ៧០ទៅ៨០ភាគរយបានពងកូនក្នុងភូមិសាស្រ្តនេះ។ ម៉្យាងវិញទៀតខេត្តនេះ ក៏ត្រូវបន្ថែមការយក ចិត្តទុកដាក់ក្នុងការការពារឱ្យបានខ្ជាប់ខ្ជួនចំពោះអន្លង់ផ្សោតទាំងបីឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅខេត្តក្រចេះក៏មានលក្ខខណៈស្រដៀងនឹងខេត្តស្ទឹងត្រែងដែរ ហើយក្រៅពី នោះ ខេត្តនេះជាកន្លែងដែលផ្សោតទឹកសាបរស់នៅច្រើនជាង គេ ដែលត្រូវសហការជាមួយអាជ្ញាធរ និងសហគមន៍នេសាទដែលនៅជិតនោះឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ព្រោះជម្រកនិងអន្លង់ផ្សោតមានប្រវែងរហូតដល់៨៥គីឡូម៉ែត្រ។
ចំពោះខេត្តត្បូងឃ្មុំ គឺមានលក្ខណ:ខុសប្លែកពីខេត្តទាំងពីរខាងលើដែលការអនុវត្តភារកិច្ចនេះបានផ្តោតសំខាន់ទៅលើការឆក់ និងរបាំងស្បៃមុងនារដូវទឹកឡើងនាពេលដ៏ខ្លីខាងមុខ នេះ។
ឯកឧត្តមក៏បានទទួលយកនូវធាតុចូលយ៉ាងច្រើនផ្សេងៗទៀតពីថ្នាក់ដឹកនាំនៃអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ព្រមទាំងថ្នាក់ដឹកនាំមន្ទីរផងដែរនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ដើម្បីពាំនាំនូវរបាយ ការណ៍ទាំងនេះដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជួយសម្រួល ដើម្បីឱ្យប្រតិបត្តិការទាំងនេះប្រកបទៅដោយរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីជលផលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចប្រកបដោយផ្លែផ្កាកន្លងមក និងបានសំណូមពរឱ្យបន្តខិតខំបំពេញភារកិច្ចនេះតទៅទៀតដោយត្រូវសាមគ្គីគ្នាឱ្យកាន់តែស្អិតរមួតជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្ស ដើម្បីអភិវឌ្ឍន៍ផលត្រីឱ្យកាន់តែសម្បូរឡើងសម្រាប់បច្ចុប្បន្ន និងទៅអនាគត ព្រោះថា បើការពារកូនត្រីបានល្អពីទន្លេមេគង្គលើ នោះទន្លេសាបនឹងកាន់តែសម្បូរត្រីទ្វេឡើង៕









No comments:
Post a Comment