កំពត÷ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ក្នុងស្រុកទឹកឈូ ខេត្តកំពត។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករសដែលមានអក្សរថៃដែលជាប្រភពដើម មកច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញ ដើម្បីបំ ភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញនូវវិធាន ការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ ដោយក្នុងនោះឯកឧត្តមបានបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។
បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធ ជា មួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោល បំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ ព័ន្ធ ដើម្បីចាត់វិធានការបញ្ជូនទៅតាមនីតិវិធីច្បាប់ដោយគ្មានការ យោគយល់ឡើយ៕








No comments:
Post a Comment