www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, December 13, 2025

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយ ៦៤មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង៤ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សប្បុរសជន នៅរាជធានីភ្នំពេញ ជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ចំនួន៦៤មុខ មកប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ ស្រុក ស្មើ ២៤ឃុំ ចំនួន១២០៩៤គ្រួសារ ស្មើជាង៤ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាព ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ខណៈមហិច្ឆតាឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា កំពុងបន្ដយ៉ាងគឃ្លើនទាំងបំពាន លើដែនអធិបតេយ្យកម្ពុជា បម្ដងហើយម្ដងទៀត ។

អំណោយទាំងអស់នេះ ត្រូវបានលោក អុីម រ៉ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដរមានជ័យ និងជាប្រធានទទួលបន្ទុកមណ្ឌលភៀសសឹក ទាំង៦ជំរុំ ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញ ពីផ្ទះសម្បែង ចំនួន ១២០៩៤គ្រួសារ ស្មើនឹង៤១២៤១នាក់ ក្នុងនោះមានស្រ្ដី ១៩៨៩១នាក់ និងកុមារ ចំនួន១៨៩៣នាក់ផងដែរ។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន៖ ទឹកបរិសុទ្ធ, ភេសជ្ជៈចម្រុះ, អំបិល, ធូបមូស, ថ្នាំបាញ់មូស,សៀង, ម៉ាស់, តង់, ឆ័ត្រ, កញ្ច្រែង, ផ្អក, បាយក្តាំង, ត្រីប្រឡាក់, ត្រីងៀត, សំឡីអនាម័យ, នំកញ្ចប់, ខ្ទឹមស, នំប្រអប់, ទឹកដោះគោចម្រុះ, ច្រាស់ដុសធ្មេញ, ពងមាន់, ពងទា, ពងទាប្រៃ, ត្រីខ, បារី, សាច់ក្រក, នំកញ្ចប់, កាហ្វេ, ធូបមូស, ដំណាប់ផ្លែឈើ, ថ្នាំដុសធ្មេញ, សាប៊ូ, ប្រេងកូឡា, ស្ករស, ខ្ទឹមបារាំង, សាច់ផាត់, ស្បែកជើង, ចានឆ្នាំង, ចានជ័រ, ចានអីណុក, នំធុង, សាច់ផាត់ត្រី, ឆៃថាវ, មីកូនក្មេង, សៀង, ចេកសមូត, ប៊ីចេង, ក្រដាសជូតមាត់, ជូតមុខ, យ៉ាអូរ, ដំណាប់គ្រប់មុខ, វីតាមីន, ស្រោមជើង, ធុងសំរាម, ខោអាវចាស់ៗ, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៉ីវ, ភួយមុង, កន្ទេល, បន្លែត្រីសាច់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត សរុបទាំងអស់ចំនួន៦៤មុខ។

លោក អុីមរ៉ន ហាស្សាន់ អភិបាលរង ថ្លែងក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួម ចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុម គ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុង ជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ទាំង៦កន្លែង នៅខេត្ដឧត្ដរមានជ័យនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

លោកថា «ក្នុងនាមយើងនៅសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើងឈរជើងការពារជាតិទឹកដីនិងជួយដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត»។

លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ដឧត្ដរមានជ័យ ក៏បានអរគុណជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក អុីម រ៉នហាស្សាន់ បានដឹកនាំអំណោយសប្បុរសជន យកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខេត្ដឧត្ដរមានជ័យ និងជនភៀសសឹកនាពេលនេះ លោកនឹងធ្វើការបែងចែកជូនទៅដល់ដៃវីរកងទ័ពជួរមុខ និងជូនបងប្អូនជនភៀសសឹកដោយផ្ទាល់ នៅពេលដ៏ឆាប់ៗបំផុតនេះ ហើយការជួយឧបត្ថម្ភនេះ ពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរពិតប្រាកដ។

តាមរបាយការណ៍របស់លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ២កន្លែង សរុបចំនួន៩២៥៤គ្រួសារ ស្មើចំនួន១២៤៥៧នាក់ ក្នុងនោះមនុស្សចាស់៣៥៧នាក់ និងកុមារ២៨៦នាក់ ហើយកុមារប៉ះពាល់ការសិក្សារជាង១០០នាក់ផងដែរ។ ដោយឡែកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទូទាំងខេត្ដឧត្ដរមានជ័យ មកស្នាក់បណ្ដោះអាសន្នទាំង៦កន្លែង សរុបចំនួន១២០៩៤គ្រួសារ ស្មើ៤១២៤១នាក់ ស្ដ្រីចំនួន១៩៨៩១នាក់ ក្នុងនោះ មានកុមារ ចំនួន៧៦៥៣នាក់ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages