នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកនាយក លោកស្រីនាយិកាវិទ្យាល័យទាំង២៧ នៃខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ លោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយា ល័យអប់រំក្រុង ស្រុក ទាំង៩ លោកនាយក នាយិកា វិទ្យា ល័យទាំង២៧ នៃខេត្តកំពង់ស្ពឺ លោកប្រធាន ស.ស.យ.ក ខេត្ត និងប្រធាន ស.ស.យ.ក ក្រុង ស្រុកចូលរួមផងដែរ។ជាកិច្ចចាប់ផ្តើម លោក ថន សារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមប្រធាន និងអ្នកចូលរួមទាំងអស់។
ក្នុងនោះ លោក ថន សារិន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក៏ថ្លែងអំណរគុណចំពោះឯកឧត្តមប្រធាន ដែលតែងតែយកចិត្តទុកដាក់ជាមួយការលើកកម្ពស់វិស័យការអប់រំ ក្នុងខេត្ត ជាពិសេសការរៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានសាកសួរសុខទុក្ខ និងសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ លោកនាយក លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងការចូលរួមពង្រឹងគុណភាពអប់រំនៅក្នុងខេត្តកំពង់ស្ពឺ។
ជាលទ្ធផល គិតត្រឹមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កន្លងទៅនេះ ចំនួនសិស្សប្រឡងជាប់មានការកើនឡើង ជាពិសេសសិស្សដែលទទួលបាននិទ្ទេស A គឺមានកំណើនគួរឱ្យកត់សម្គាល់។
បន្ថែមពីនេះ ឯកឧត្តម ក៏បានដឹកនាំសមាជិក សមាជិកា អង្គ ប្រជុំ ពិភាក្សា និងគិតគូពីការរៀបចំគោលការណ៍ប្រលងប្រណាំងបន្ថែមសម្រាប់ជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សឱ្យកាន់តែខិតខំបន្តទៀត ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
ទន្ទឹមនឹងការអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្ដាំផ្ញើ និងណែនាំដល់ប្រធានមន្ទីរ លោកនាយក លោកស្រីនាយិកា និងលោកគ្រូ-អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីធានាបាននូវនិរន្តរភាពនៃជោគជ័យ និងរួមគ្នាកសាងធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនាពេលអនាគត៕











No comments:
Post a Comment